កណ្តាលៈ ក្រោមបញ្ជាផ្ទាល់ពីលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងជាគណៈបញ្ជាការឯកភាពស្រុក កម្លាំងចម្រុះនៃរដ្ឋបាលស្រុក បានចុះទៅពិនិត្យនិងធ្វើកិច្ចសន្យាឲ្យផ្អាកសកម្មភាពសាសង់ និងបញ្ជាឲ្យរុះរើសំណង់ចេញជាបន្ទាន់ពីដីចំណីទន្លេមេគង្គ នៅទីតាំងសំណង់មួយកន្លែងស្ថិតនៅក្នុងភូមិតាទន់ ឃុំព្រះប្រសប់កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយសារសំណង់នេះគ្មានច្បាប់អនុញ្ញាត និងបានលួចសាងសង់រំលោភយកដីចំណីទន្លេ និងច្រាំងទន្លេមេគង្គបំណងធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។
កម្លាំងចម្រុះរបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលដែលចុះទៅធ្វើកិច្ចសន្យាឲ្យម្ចាស់សំណង់ឈ្មោះ គាំ ច័ន្ទកុសល ភេទប្រុស ធ្វើការផ្អាកសាងសង់ និងរុះរើសំណង់ខុសច្បាប់ចេញពីដីចំណីទន្លេមេគង្គនេះ ដឹកនាំដោយលោក អែតដា ដូរ៉ាមី អភិបាលរងស្រុក រួមនឹងមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និងលោកមេឃុំព្រះប្រសប់ផងដែរ។
គួរញ្ជាក់ដែរថា បន្ទាប់ពីក្រុមអ្នកកាសែតបានចុះទៅថតយករូបភាពជាស្តែងនៃសំណង់ដ៏រឹងមាំលួចសាងសង់រំលោភយកដីចំណីទន្លេ និងច្រាំទន្លេមេគង្គធ្វើកម្មសិទ្ធិឯកជនដោយខុសច្បាប់ ហើយរាយការណ៍ជូនលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលដើម្បីចាត់វិធានការច្បាប់ទប់ស្កាត់ និងបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃ២១ ខែវិច្ចិកា ឆ្នាំ២០២៤រួចមក កម្លាំងចម្រុះរដ្ឋបាលស្រុកក៏ចុះទៅពិនិត្យ និងធ្វើកំណត់ហេតុឲ្យផ្អាកសកម្មភាពសាងសង់ និងបញ្ជាឲ្យរុះរើសំណង់ចេញជាបន្ទាន់ពីដីចំណីទន្លេ ដែលជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ដើម្បីទុកបម្រើឲ្យផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាទន់ ឃុំព្រះប្រសប់ សម្តែងការរីករាយ និងកោតសរសើរដល់រដ្ឋបាលស្រុកខ្សាច់កណ្តាលដឹកនាំដោយលោក ចេង ឌីណា ដែលបានវះកាត់អនុវត្តន៍ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការកំណត់នូវដីចំណីទន្លេជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ មិនត្រូវបានអនុញ្ញាតឲ្យបុគ្គលណាម្នាក់រំលោភបំពានយកធ្វើកម្មសិទ្ទិបានឡើយ។
ពលរដ្ឋខាងលើឲ្យដឹងដែរថា ម្ចាស់សំណង់លោក គាំ ច័ន្ទកុសល គឺជាអ្នកមានលុយបានលួយសាងសង់សំណង់ខុសច្បាប់រំលោភយកដីច្រាំងទន្លេមេគង្គក្នុងភូមិព្រែកតាទន់នេះជាច្រើនខែមកហើយ ពួកគាត់នឹងឃ្លាំមើល ថាតើម្ចាស់សំណង់ខុសច្បាប់មួយនេះនឹងអនុវត្តន៍តាមកិច្ចសន្យារបស់ខ្លួនជាមួយរដ្ឋាបាលលស្រុកខ្សាច់កណ្តាលដែរឬយ៉ាងណា?….៕