រតនគីរី : សម្បត្តិធនធានធម្មជាតិ ដែលក្នុងនោះមាន ព្រៃឈើ និងរ៉ែងមាសក្រោមដីផងនៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកតាវែង និងស្រុអណ្តូងមាស ខេត្តរតនគិរី ពេលនេះកំពុងទទួលរងវិនាសសកម្មយ៉ាងមហន្តរាយជាថ្មីទៀតហើយ ។
តាមសេចក្ដីរាយការណ៍ថា គេបានប្រទះឃើញមនុស្សភាគច្រើន ដែលជាជនជាតិយួន បានបោះតង់ដេកកាប់ព្រៃឈើយ៉ាងរាលដាលទំនងជាយូរខែមកហើយ ដែលដើមឈើទាំងនោះសុទ្ធតែមានមុខកាត់ធំៗ ហើយដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ យកទៅ ទម្លាក់ គរនៅ តំបន់ បរិស្ថាន ស្ថិតក្នុងភូមិ ចង ឃុំ ញ៉ាង ស្រុក អណ្តូង មាស ជាប់ ផ្លូវ ក្រវ៉ាត់ ព្រំដែន កម្ពុជា-យួន។
ដូចគ្នានេះកាលពីសប្តាហ៍មុន ក៍មានសេចក្តីរាយការណ៍ដែរថា ក្រុមអ្នកជំនាញ និងកម្មករជនជាតិយួនរាប់រយនាក់បានប្រើប្រាស់គ្រឿងចក្រថ្មីៗ និងម៉ាសុីនរ៉ែងមាសខ្នាតធំជាច្រើនគ្រឿង ធ្វើអាជីវកម្មរ៉ែមាសយ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត នៅតំបន់ខាងលើនៃចំណុចមុំ៣ រុលរហូតដល់ព្រំដែនឡាវយ៉ាងគគ្រឹកគ្រគ្រេង ជាមួយការយាមកាមយ៉ាងតឹងរ៉ឹង ប៉ុន្តែពុំមានក្រុមមន្ត្រីស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរខេត្តរតនៈគិរីដឹងឡើយ ។ ករណីលួចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នេះ ត្រូវបានប្រភពឲ្យដឹងថា ក្រោយមានកាសែតក្នុងស្រុកចេញផ្សាយព័ត៌មាន គ្រឿងចក្រមួយចំនួនត្រូវបានគេដកចូលទៅក្នុងទឹកដីខេត្តកន្ឋុម ប្រទេសវៀតណាមវិញហើយ ដោយសារទីតាំងខ្លះឮថាភាគីយួនថាមិនចំណេញព្រោះបានទទួលមាសតិចពេកមិនរួចថ្លៃចំណាយ ហើយទីតាំងចំនួនគេនៅបន្តសកម្មភាពនៅឡើយ ដោយសារទទួលបានមាសច្រើន។ ប្រភពឲ្យដឹងទៀតថា បុគ្គលខ្មែរដ៏មានអំណាចដែលហ៊ានធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ទ្រង់ទ្រាយធំមិនខ្ល្លាចមេឃដីដាក់បណ្តាសានេះ បានចែក៦០ភាគរយដល់ភាគីយួនដើម្បីចំណាយលើគ្រឿងចក្រ និងកម្មករយួន ឯ៤០ភាគរយ គឺភាគីជនល្មើសខ្មែរជាអ្នកទទួល ដោយមួយចំនួនទំនងត្រូវយកទៅចែកដល់មន្ត្រីពាក់ព័ន្ធនានាក្នុងខេត្តរតនៈគិរីជាពិសេសកម្លាំប្រដាប់អាវុធ ដែលឈរជើងនៅចាំការពារព្រំដែន ដើម្បីបិទបាំងព័ត៌ដល់ថ្នាក់ដឹកនាំជាតិ។
ប្រភពឲ្យដឹងថា ទាំងអាជីវកម្មរ៉ែមាសខុសច្បាប់ ទាំងការកាប់បំផ្លាញព្រៃឈើនៅតំបន់កន្ទុយនាគនៃឧទ្យានជាតិវីរៈជ័យដែលកំពុងមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងនេះ គឺមានឧកញ៉ាដ៏ល្បីឈ្មោះម្នាក់ធ្លាប់កាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំជួរក្រវាញ និងតំបន់ភ្នំសំកុសនៃខេត្តពោធិ៍សាត់ជាអ្នកចាត់ចែងសម្របសម្រួលដល់គ្រប់ជំនាញពាក់ព័ន្ធក្នុងខេត្តរតនៈគិរី។
ការបំផ្លាញនេះត្រូវបានប្រភពអះអាងថា មានស្ថានភាពអាក្រក់ជាងអំឡុងឆ្នាំ២០០៥ដែលលោក ខាំ ខឿន កាន់អំណាចជាចៅហ្វាយខេត្តទៀត។ កាលនោះមានមនុស្សឋាន:តូចៗតែប៉ុន្មាននាក់ ត្រូវបានគេអូសក មកតុលាការក្រុងភ្នំពេញឱ្យទទួលទោសពីបទឧក្រិដ្ឋកម្មព្រៃឈើ ។
ទាក់ទងវិនាសកម្មព្រៃឈើខាងលើលោក ផុន ខេមរិន្ទ ប្រធាន មន្ទីរ បរិស្ថាន ខេត្ត រតនគិរី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកសង្ស័យថា ការកាប់ឈើនោះធ្វើនៅលើផ្ទៃ ដី របស់ ក្រុមហ៊ុន នុ ភាព សុ ភី អ៊ិន វេស មេន ដែល ចាប់ផ្តើម ដំណើរ ឈូសឆាយ ផ្ទៃ ដី នៅ ក្នុងឃុំ ញ៉ាង ស្រុក អណ្តូង មាស ។
អ្នកភូមិបាននិយាយថា ទំហំនៃវិនាសកម្មដ៏ធំធេងនេះ មិនអាចមន្ត្រីពាក់ព័ន្ធមិនដឹងនោះទេ ប៉ុន្តែពួកគេធ្វើដេកលក់ ហើយបានអំពាវនាវឲ្យស្ថាប័នថ្នាក់ជាតិដែលមានតួនាទីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីស្រាវជ្រាវរកបណ្ដាញជនល្មើសពាក់ព័ន្ធយកទៅផ្ដន្ទាទោស ដោយមិនគួរអត់ឱនឲ្យឡើយ ព្រោះនេះជាអំពើក្បត់ផលប្រយោជន៍ជាតិ ជាគំរូក្បត់ជាតិដ៏អាក្រក់ខ្លាំងណាស់៕