Connect with us

Hi, what are you looking for?

Uncategorized

ក្រោមច្បាប់ឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ច ធនធានសម្បត្តិព្រៃឈើខ្មែរនៅតំបន់កន្ទុយនាគ នឹងរងវិនាសកម្មទៀតហើយ…!

រតនៈគិរី÷ ឈើមូលមុខកាត់ធំៗរាប់រយកំណាត់ ត្រូវបានក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើប្រទះឃើញ គេដឹកមកគរទុកនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អាន ម៉ារាឌី ស្ថិតនៅក្នុងឃុំញ៉ាង ស្រុកអណ្តងមាស ខេត្តរតនគិរី និងដឹកឆ្លងដែនបន្តយកទៅលក់នៅប្រទេសវៀតណាម សកម្មភាពនេះជាវិនាសសកម្មដ៏មហន្តរាយជាថ្មីម្តងទៀតដល់ព្រៃឈើខ្មែរនៅតំបន់កន្ទុយនាគនៃឧទ្យាជាតវីរៈជ័យ។

បើតាមសេចក្តីរាយការណ៍ពីក្រុមសកម្មជនបរិស្ថានឲ្យដឹងថា ឈើទាំងនេះត្រូវបានគេលួចកាប់ចេញពីតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ដឹកតាមរថយន្តប៉ាកុង និងរថយន្តប៉ាកុងកែច្នៃ យកមកទំលាក់គរទុកនៅក្នុងដីសម្បទានសេដ្ឋកិច្ច​ អាន ម៉ារាឌី និងដឹកបន្តយកទៅលក់នៅព្រំដែនវៀតណាមជាច្រើនខែមកហើយ។

ប៉ុន្មានឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទមិនអនុញ្ញាតច្បាប់ឲ្យមានការនាំចេញឈើទៅក្រៅប្រទេសឡើយ ដើម្បីការពារការបាត់បង់ព្រៃឈើដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់ទុកជាប្រយោជន៍រួមរបស់ជាតខ្មែរផង និងមនុស្សជាតិលើសកលលោកផង ដែរ។ ផ្ទុយទៅវិញក្រុមហ៊ុន នុភាព សុភី អិនវេសមេន ក្រោមលេសមានច្បាប់ឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល បែរជាគប់គិតជាមួយមន្ត្រីជំនាញក្នុងជួរដ្ឋបាលខេត្តរតនគិរី និងមន្ត្រីប្រដាប់អាវុធដែលឈរជើងការពារព្រំដែន លួចចូលទៅកាប់ឈើក្នុងតំបន់ការពារនិងអភិរក្សនៃឧទ្យានជាតិវីរៈជ័យ ហើយលួចដឹកឈើបន្តយកទៅលក់ឆ្លងដែលនៅប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទៅវិញ។

ទាក់ទងនឹងវិនាសកម្មព្រៃឈើខាងលើលោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរីកាលពីសប្តាហ៍មុន បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្នុងស្រុកថា លោកសង្ស័យថា ការកាប់ឈើនោះធ្វើនៅលើផ្ទៃ​ដី​របស់​ក្រុមហ៊ុន​ នុ​ភាព សុ​ភី អ៊ិន​វេស​មេន ដែល​ចាប់ផ្តើម​ដំណើរ​ឈូសឆាយ​ផ្ទៃ​ដី​នៅ​ក្នុងឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ។  ប៉ុន្តៃជាក់ស្តែងមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នេះសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់កន្ទុយនាគ និងការដឹកជញ្ជូនឈើមូលមុខធំៗមកគរទុកក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនអាន ម៉ារាឌី នៅតែកើតមានដដែលនៅឡើយទេ។

ទំហំដ៏ធំធេងនៃវិនាសកម្មព្រៃក្នុងតំបន់ការពារនិងអភិរក្សឧទ្យានជាតិវីរៈជ័យនេះ គួរណាស់តែក្រសួងជំនាញពាក់ព័ន្ធ​ ជាពិសេសគណៈការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ រួសរាន់បើកការអង្ក្កេតស្រាវជ្រាវស្វែងរកកំហុសនៃបទល្មើសព្រៃឈើ និងស្រាវជ្រាវរកបុគ្គល ឬមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់កំណត់៕

Advertisement ADS
Advertisement ADS

You May Also Like

Uncategorized

បាងកក៖ តុលាការធម្មនុញ្ញរ...

Copyright © 2024.