កណ្តាល ៖ នៅសង្កាត់កំពង់លួងផ្លូវទៅតំបន់7NG គេសង្កេត ឃើញមានដីវាលមួយកន្លែងកំពុងត្រូវបានចាក់បំពេញ ហើយគេចាក់ដីលប់ទាំងផ្លូវទឹកដែលមានទាំងស្ពាននោះទៀតផង។ រីឯនៅឯមាត់ទន្លេមេគង្គជិតកំពុងចម្លងស្វាយជ្រុំ ក៏មានការសង់សំណង់រឹងមាំរំលោភចូលទន្លេមេគង្គដែរ។ ករណីទាំងអស់នេះមិនដឹងថា តើលោកអភិបាលក្រុងអរិយក្សត្របានដឹងអំពីបញ្ហានេះដែរឬយ៉ាងណានោះទេ ប៉ុន្តែបើក្រឡេកមើលទៅសំណង់ទាំងនោះ គឺទ្រង់ទ្រាយធំៗ និងរឹងមាំដែលគេអាចមើលនឹងភ្នែកទទេឃើញដោយមិនបាច់ប្រើកែវពង្រីក។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សកម្មភាពចាក់ដីលប់បឹងនៅតាមផ្លូវទៅ7NG គឺស្ថិតក្នុងសង្កាត់កំពង់លួង ដែលក្រុមពួកឈ្មួញបានធ្វើសកម្មភាពចាក់លប់ផ្លូវទឹកទាំងស្រុង ដែលផ្លូវទឹកនេះគេបានធ្វើស្ពានតាំងពីយូរមកហើយ។ មិនយូរមិនឆាប់ស្ពាននោះនឹងត្រូវគេរុះរើចេញជាក់ជាមិនខាន ដោយបច្ចុប្បន្ននេះគេបានធ្វើផ្លូវវាងស្ពាននោះរួចទៅហើយ។ ឈ្មួញបានចាក់ដីរួចរាល់ហើយដែលអាចនឹងសង់អគារឬលំនៅដ្ឋានធំៗរឹងមាំនៅទីនោះ។
ដោយឡែកនៅក្បែរកំពុងចម្លងអរិយក្សត្រឯណេះវិញ មានសំណង់រឹងមាំមួយកំពុងសាងសង់យ៉ាងមមាញឹក ហើយត្រូវបានគេរាយការណ៍ថា មិនមានច្បាប់ទម្លាប់នោះដែរ។ សំណង់នេះត្រូវគេសាងសង់ទុកសម្រាប់ជួលឲ្យជនបរទេស។ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា សំណង់នោះមិនមានច្បាប់ទម្លាប់ទេ នៅគ្រា ដែលគេដឹងថា ម្ចាស់សំណង់កំពុងរត់ការច្បាប់បណ្ដើរ និងសាងសង់បណ្ដើរ។ អ្នកខ្លះថា ទម្រាំសុំច្បាប់បានសំណង់នេះសង់រួចរាល់ល្មម។
នៅឯសង្កាត់ព្រែកអំបិលជាប់មាត់ទន្លេមេគង្គ យ៉ាងហោចណាស់មានសំណង់រឹងមាំ២កន្លែងដែលកំពង់សាងសង់ចូលទៅក្នុងផ្ទៃទន្លេមេគង្គ។ ទិដ្ឋភាពបែបនេះហាក់ដូចជាប្រទេសជាតិគ្មានច្បាប់ទម្លាប់យ៉ាងដូច្នោះដែរ។ មានន័យថាអាជ្ញាធរសង្កាត់-ក្រុងបិទភ្នែកឲ្យមានបទល្មើសនៃការសាងសង់តាមអំពើចិត្តក្នុងមូលដ្ឋានរបស់ខ្លួន ដែលនឹងបង្កឲ្យមានហានិភ័យទៅថ្ងៃខាងមុខ។
ប្រជាពលរដ្ឋនៅក្រុងអរិយក្សត្រនិយាយថា បទល្មើសនៃការចាក់លប់បឹងព្រែក,សង់លំនៅដ្ឋានចូលមាត់ទន្លេ មានជាច្រើនកន្លែងនៅក្នុងតំបន់ដែលមានការអភិវឌ្ឍនេះ។ អ្នកភូមិមិនដឹងថា តើលោកអភិបាលក្រុងបានដឹងអំពីបញ្ហាបទល្មើសទាំងនេះដែរឬយ៉ាងណានោះទេ? ឬក៏ដឹងហើយធ្វើមិនដឹង ប៉ុន្តែបើឆ្លើយថា មិនដឹងដូចជាមិនទំនងសោះ ពីព្រោះបទល្មើសទាំងនេះមើលឃើញច្បាស់ៗលើគោកតែម្តង។ ករណីចាកលប់ដីបឹងព្រែកយកធ្វើកម្មសិទ្ធិ សំណង់ខុច្បាប់។ល។ វាមិនមែនជាបទល្មើសពិបាកក្នុងការបង្ក្រាបដូចករណីគ្រឿងញៀនដែលលាក់ទុកក្នុងហោប៉ៅនោះឡើយ សំខាន់តើលោកអភិបាលក្រុងអរិយក្សត្រនិងមន្ត្រីជំនាញពាក់ព័ន្ធ មានឆន្ទៈ និងសមត្ថភាពដឹកនាំអនុវត្តន៏ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែរឬទេ ឬនាំគ្នាវង្វេងតែនឹងផលប្រយោជន៏ផ្ទាល់ខ្លួន៕
