Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សប្តាហ៍ទី២ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៥ម៉ឺននាក់

ក្នុងរយៈពេលមួយពេញសប្ដាហ៍ ពោលចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរជាតិប្រមាណ២៩៥៨៣១នាក់ និងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥១៣៦៦នាក់។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦កក្កដា។

នាសប្ដាហ៍ដដែលនេះ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប១២៩៥៧បណ្ណ កើនឡើង៦,៦ភាគរយ និងចំណូលសរុប៥៨៣៩៩៤ដុល្លារអាម៉េរិក។ ជាមួយគ្នានេះដែរ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប៤៥៦ជើងហោះហើរ ក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន៣៣៧ជើងហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន១០២ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន១៧ ជើងហោះហើរផងដែរ។ ប្រទេសកម្ពុជាមានទីតាំងដែលមានប្រាសាទបុរាណ និងធម្មជាតិ ដ៏រស់រវើកជាច្រើនកន្លែង។ តួយ៉ាង ខេត្តសៀមរាបជាតំបន់ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រាសាទបុរាណ ជាពិសេសតំបន់រមណីយដ្ឋានអង្គរ។

រីឯតំបន់ឆ្នេរ ខេត្តជាប់មាត់សមុទ្ទរបស់ប្រទេសកម្ពុជា មានធនធានធម្មជាតិបាតសមុទ្ទ និងឆ្នេរខ្សាច់ដ៏បរិសុទ្ធ ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹបឆ្នេរស្អាតលើពិភពលោក។ ចំពោះភ្នំពេញវិញជារាជធានីប្រជុំដោយភាពទំនើប មានទីតាំងទទួលទានអាហារឆ្ងាញ់ៗ និងជីវិតពេលរាត្រី ដែលជាកន្លែងស្ថាបត្យកម្មអាណានិគមបារាំង ជាមួយភាពអស្ចារ្យបែបទំនើប។ ដោយឡែក តំបន់ជួរភ្នំក្រវាញ ជាតំបន់ទេសចរណ៍បែបធម្មជាតិ និងផ្សងព្រេង ដែលមានទេសភាពដ៏អស្ចារ្យនៃខ្នងភ្នំពីមួយទៅមួយប្រៀបបាននឹងឋានសួគ៌លើដី និងតំបន់ភូមិភាគឦសានជាតំបន់ទេសចរណ៍ធម្មជាតិរួមជាមួយនឹងវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។

គួរបញ្ជាក់ផងដែរថា គិតត្រឹម៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ១០ ៦៨៨ ០៧៣នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ១ ៩០៦ ៨០០នាក់។ ប្រទេសទាំង១០ ដែលមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេមានដូចជា៖ ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសចិន ប្រទេសឡាវ សហរដ្ឋអាម៉េរិក ប្រទេសកូរ៉េខាងត្បូង ប្រទេសឥណ្ឌូណេស៊ី ប្រទេសបារាំង ចក្រភពអង់គ្លេស និងប្រទេសជប៉ុន៕

You May Also Like

Uncategorized

បាងកក៖ តុលាការធម្មនុញ្ញរ...

សេដ្ឋកិច្ច

បើតាមប្រភពពីសហព័ន្ធស្រូវ...

Copyright © 2024.