Connect with us

Hi, what are you looking for?

Uncategorized

តុលាការដកតំណែងនាយករដ្ឋមន្ត្រីថៃ

បាងកក៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានចេញសាលក្រមដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ នៅក្នុងថ្ងៃពុធនេះ។

មូលហេតុនាំឱ្យតុលាការធម្មនុញ្ញថៃដកតំណែងនាយករដ្ឋមន្រ្តី ពីលោក សេដ្ឋា ថាវីស៊ីន គឺដោយសារតែការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែកាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីរបស់លោក ដែលជាទង្វើបំពានរដ្ឋធម្មនុញ្ញ។

ចៅក្រម Punya Udchachon ដែលអានសេចក្តីសម្រេចនេះ បាននិយាយថា តុលាការបានបោះឆ្នោត ៥សំឡេង ទល់នឹង ៤សំឡេង ដើម្បីដកលោក សេដ្ឋា ចេញពីតំណែង ជុំវិញការតែងតាំងរដ្ឋមន្ត្រីដែលមានការផ្តន្ទាទោសព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា លោក សេដ្ឋា គឺជាមនុស្សរបស់គណបក្សភឿថៃ ដែលជារបស់គ្រួសារ ស៊ីណាវ៉ាត់ ហើយបានក្លាយជានាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីបង្កើតរដ្ឋាភិបាលចម្រុះជាមួយក្រុមគណបក្ស ដែលមានទំនាក់ទំនងនឹងយោធា នៅក្រោយការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។

កាលពីខែឧសភា ឆ្នាំ២០២៤ តុលាការធម្មនុញ្ញថៃបានទទួលយកសំណើរបស់ អតីតសមាជិកព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមានបំណងចង់ឱ្យពិចារណាដកតំណែងនាយករដ្ឋមន្រ្តីរបស់លោក សេដ្ឋា ក្រោមហេតុផលថា ការតែងតាំងលោក Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តីរបស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ។

ក្រោយមកលោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

You May Also Like

សេដ្ឋកិច្ច

បើតាមប្រភពពីសហព័ន្ធស្រូវ...

Copyright © 2024.