Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

វៀតណាម ត្រៀមសាងសង់ព្រលានយន្តហោះបណ្តែតទឹក ដំបូងបង្អស់

Oplus_0

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤, ប្រទេសវៀតណាម កំពុងត្រៀមសាងសង់អាកាសយានដ្ឋានបណ្តែតទឹកនៅខេត្ត Khanh Hoa ជាមួយគោលដៅ ​ដឹក​អ្នក​ដំណើរ​ដំបូងប្រមាណ១.៥លាន​នាក់ ​ក្នុង​មួយ​ឆ្នាំ។

តាមសំណើដែលរដ្ឋបាលខេត្តដាក់ជូនក្រសួងដឹកជញ្ជូន, អាកាសយានដ្ឋាន Van Phong នឹងត្រូវសាងសង់លើដីដែលចាក់បំពេញចូលសមុទ្រ ក្នុងទំហំ៤៩៧ហិកតា ហើយទីតាំងនេះគឺអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធា។ វានឹងត្រូវសាងសង់តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ជាមួយថ្លៃចំណាយសរុប ៧.៩ទ្រីលានដុង (៣០៩លានដុល្លារអាមេរិក)។

Oplus_0

អាជ្ញាធរខេត្ត Khanh Hoa បញ្ជាក់ថា អាកាសយានដ្ឋានទាំងមូល នឹងស្ថិតនៅលើផ្ទៃបណ្តែតទឹក ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដល់តំបន់លំនៅដ្ឋានប្រជាជនរស់នៅ ក៏ដូចជាតំបន់ព្រៃឈើដែលគេអភិរក្សផងដែរ ហើយអាកាសយានដ្ឋាននេះទៀតសោត នឹងបំពេញតាមស្តង់ដារកម្រិត 4E ដែលអាចទទួលយន្តហោះធំៗដូចជា A350 និង B787 ជាដើម។

ចំពោះការចំណាយសរុប, រដ្ឋនឹងបញ្ចេញប្រាក់ប្រហែល ២.១៥ទ្រីលានដុង សម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការហោះហើរ និងការចាក់ដីបំពេញ។

ប្រសិនបើសំណើត្រូវបានអនុម័ត ការងារ​សាងសង់​អាច​ចាប់ផ្តើម​ឆាប់ៗ​ក្នុងឆ្នាំ​នេះ​ និង​ត្រូវ​កំណត់​បញ្ចប់​រួចរាល់ត្រឹមឆ្នាំ២០២៩។ លើសពីនេះ អាកាសយានដ្ឋាន​ Van Phong នឹង​ក្លាយ​ជា​ព្រលាន​យន្តហោះ​បណ្តែត​ទឹក​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​វៀតណាម។

Oplus_0

Van Phong គឺជាតំបន់សេដ្ឋកិច្ចសំខាន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសំខាន់ៗទាំង៣នៅក្នុងខេត្ត Khanh Hoa។ យោងតាមផែនការមេរបស់ខេត្ត Khanh Hoa តំបន់​នេះ​​មានផ្ទៃដី១៥ម៉ឺន​ហិកតា បានដើរតួនាទីឈានមុខក្នុងការទាក់ទាញវិនិយោគិន និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដល់តំបន់ជុំវិញ​ កដូច​ជា​​ទូទាំងប្រទេស។

ខេត្ត Khanh Hoa កំពុងបូមលុយរាប់ពាន់លានដុល្លារចូលទៅក្នុងគម្រោងធំៗចំនួន២៧នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ Van Phong ក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ខណៈបច្ចុប្បន្ន ខេត្តនេះបានទាក់ទាញគម្រោងវិនិយោគថវិកាមិនមែនរដ្ឋចំនួន១៧​ ដែលមានតម្លៃជិត១០១ទ្រីលានដុង (៤.១៦ពាន់លានដុល្លារអាមេរិក)៕

You May Also Like

Uncategorized

បាងកក៖ តុលាការធម្មនុញ្ញរ...

សេដ្ឋកិច្ច

បើតាមប្រភពពីសហព័ន្ធស្រូវ...

Copyright © 2024.